A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 December 2012

Chea Mony, younger brother of slain union leader Chea Vichea, announced that he withdrew all criminal complaints against the killers of his brother in order to ask the court to drop all charges against Sok Sam Oeun and Born Samnang who were believed to be scapegoats ប្អូន​ប្រុស​លោក ជា វិជ្ជា ឈប់​ស្វែង​រក​យុត្តិធម៌​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​ជាប់​ចោទ

Chea Mony, younger brother of slain union leader Chea Vichea, announced that he withdrew all criminal complaints against the killers of his brother in order to ask the court to drop all charges against Sok Sam Oeun and Born Samnang who were believed to be scapegoats.

ដោយ ម៉ម មុនីរតន៍ 2012-12-30 RFA
ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ថា ការ​សម្រេច​​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឲ្យ​លោក ប៊ន សំណាង និង​លោក សុក សំអឿន ជាប់​ទោស​ម្នាក់ ២០​ឆ្នាំ​សា​ជា​ថ្មី​ឡើង​វិញ​នោះ ​គឺ​ធ្វើ​​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​របស់​ពួកគេ។

RFA/Den Ayuthyea
២២-មករា-២០១០: ការ​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ក្នុង​រាជធានី​ភ្នំពេញ
ក្រុម​សង្គម​ស៊ីវិល ក៏​បាន​គេ​រិះគន់​ថា ការ​ផ្ដន្ទាទោស​នោះ គឺ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​ដើម្បី​ដាក់​បន្ទុក ក្រៅ​ពី​ភស្តុតាង​ដែល​មាន​ស្រាប់​នោះ​ទេ។
ទាក់ទង​បញ្ហា​នេះ លោក ជា មុនី ដែល​ជា​ប្អូន​ប្រុស​បង្កើត​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ឈ្មោះ ប្រកាស​ថា លោក​ឈប់​​ប្ដឹង​ទាមទារ​រក​យុត្តិធម៌​ឲ្យ​បង​ប្រុស​របស់​លោក​​ត​ទៅ​ទៀត​ហើយ។ ការ​លះបង់​ជំហរ​​របស់​លោក ជា មុនី នៅ​ពេល​នេះ គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​ ពីរ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ប៊ន សំណាង និង​លោក សុក សំអឿន និយាយ​ថា ការ​សម្រេច​ដាក់​ទោស​អ្នក​ទាំង​ពីរ​​ដោយ​​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ដល់​ជន​ជាប់​ចោទ​ទាំង​ពីរ ខណៈ​​របាយការណ៍​នានា​បាន​រក​ឃើញ​ថា ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​មនុស្សឃាត​នេះ ​​គឺ​ជា​ឃាតក​សិប្បនិមិត្ត។
លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ (Licadho) ឲ្យ​ដឹង​ថា ការ​សម្រេច​​ក្ដី​របស់​សាលាឧទ្ធរណ៍​​នេះ គឺ​ជា​ការ​សម្រេច​ដែល​មិន​បាន​ផ្អែក​លើ​ភស្តុតាង​ដាក់​បន្ទុក និង​ធាតុ​ផ្សំ​ក្នុង​សំណុំ​រឿង​មួយ​នេះ​ទេ។
លោក អំ សំអាត គិត​ថា ការ​ព្យាយាម​ច្រាល​ចោល​សំណុំរឿង​ដោះ​បន្ទុក​របស់​លោក ប៊ន សំណាង និង​លោក សុក សំអឿន ពី​សំណាក់​​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នេះ គឺ​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​​នៅ​កម្ពុជា ត្រូវ​ធ្លាក់​ចុះ​រឹតតែ​ខ្លាំង៖ «មាន​សាក្សី​គ្រប់គ្រាន់​សម្រាប់​លោក ប៊ន សំណាង និង សុក សំអឿន ថា អ្នក​ទាំងពីរ​នេះ​មិន​មែន​ជា​ឃាតក​ទេ។ នៅ​ពេល​ដែល​កើតហេតុ​មាន​សាក្សី​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ទី​ណា​ដូច ប៊ន សំណាង គឺ​នៅ​អ្នក​លឿង ឯ​លោក សុក សំអឿន នៅ​ផ្ទះ​របស់​លោក​គេ​ហៅ តា​ម៉ាប់ ហ្នឹង គឺ​​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​​គាត់​កំពុង​តែ​ញ៉ាំ​អី​ពេល​ចូល​ឆ្នាំ​​នៅ​ ផ្ទះ​ហ្នឹង»
របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក (World Justice Project=WJP) ចេញ​នៅ​ចុង​ឆ្នាំ​២០១២ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី ស្ដីពី​នីតិរដ្ឋ និង​បំបាត់​អំពើ​ពុករលួយ។
របាយការណ៍​​នេះ​ក៏​បាន​រក​ឃើញ​​ដែរ​ថា ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ថែម​ទៀត​លើ​ប្រព័ន្ធ​ យុត្តិធម៌។ ការ​​វាយ​តម្លៃ​អំពី​តម្លាភាព​នេះ គឺ​ផ្ដោត​ទៅ​លើ​​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​កាន់​នីតិរដ្ឋ ក្នុង​ចំណាត់​ថ្នាក់​លេខ ៩៤ ក្នុង​ចំណោម​ប្រទេស ៩៧ លើ​ពិភពលោក។
លោក ហុង គឹមសួន មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សុក សំអឿន ហៅ​ការ​សម្រេច​ក្ដី​ឲ្យ​​លោក ប៊ន សំណាង និង​លោក សុក សំអឿន ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ​តាម​រយៈ​ការ​ជំនុំជម្រះ​សា​ជា​ថ្មី​ទៀត​នេះ​របស់​ចៅក្រម​ ជំនុំជម្រះ លោក ជួន ស៊ុនឡេង ថា​គឺ​ជា​ការ​សម្រេច​ដោយ​ប្រថុយ​ប្រថាន និង​ពុំ​ផ្អែក​លើ​ភស្តុតាង​ត្រឹមត្រូវ។
មេធាវី​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​រូប​នេះ​ចាត់​ទុក​ថា ការ​ជម្រះ​ក្ដី​​សា​ឡើង​វិញ​នេះ គឺ​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​ថ្មី​ណា​មួយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្រៅ ​ពី​របាយការណ៍​ដាក់​បន្ទុក​ចាស់​ដែល​មាន​ស្រាប់​នោះ​ទេ៖ «ភស្តុតាង​ដែល​រក​បាន​មក​វិញ​នេះ គឺ​ប្រហាក់ប្រហែល​គ្នា​​តាំងពី​ការ​ស៊ើប​អង្កេត​លើក​ទី​មួយ ដំបូង ដូច​តែ​គ្នា​ហ្នឹង។ បាន​ន័យ​ថា វា​ខុស​គ្នា​បន្តិចបន្តួច ដែល​យើង​ចាត់​ទុក​ថា វា​ប្រហាក់ប្រហែល​គ្នា មិន​មាន​អ្វី​ប្លែក​ទេ ហើយ​បើ​សិន​ជា​ពាក្យ​ថា ប្លែក​វិញ ផល​ប្រយោជន៍​វិញ​គឺ​ម្ចាស់​ផ្ទះសំណាក់​ដែល​កាល​នៅ​កសាង​សំណុំ​រឿង​​ដំបូង​ ហ្នឹង ថែម​ទាំង​មាន​ប្រសាសន៍​ថា មិន​មែន​ដែល​ថ្ងៃ​បាញ់​លោក ជា វិជ្ជា ហ្នឹង​ផង​​ដែល​ចោទ ប៊ន សំណាង ហ្នឹង។ អ៊ីចឹង​គ្រាន់​តែ​ថា បើ​យើង​យក​ភស្តុតាង​ថ្មី​វា​កាន់​តែ​អត់​មាន​​ភស្តុតាង​ដាក់​បន្ទុក​ទៅ​លើ​ លោក ប៊ន សំណាង ទៅ​ទៀត»
ក៏​ប៉ុន្តែ​លោក ទិត សុទ្ធា អ្នក​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា នេះ​ជា​របៀប​នៃ​ការ​រិះគន់​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង៖ «យើង​មាន​ការ​សោកស្ដាយ​ដែល​រាល់​​បញ្ហា​ទាំង​អស់​​នៃ​ នីតិវិធី​​របស់​តុលាការ​ដែល​ក្រុម​អ្នក​ប្រឆាំង​តែងតែ​ភ្ជាប់​បញ្ហា​ដោយ​មិន ​មាន​ភស្តុតាង​ត្រឹមត្រូវ ហើយ​គួរ​គប្បី​យើង​គួរ​គោរព​រាល់​ការ​សម្រេច​ណា​មួយ​របស់​តុលាការ ជា​ជាង​យើង​លាប​ពណ៌ ពីព្រោះ​ស្ថាប័ន​ហ្នឹង​វា​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​នីតិប្បញ្ញត្តិ ប្រតិបត្តិ និង តុលាការ»
សំណុំ​រឿង​ព្រហ្មទណ្ឌ​​មួយ​នេះ​​ត្រូវ​បាន​តុលាការ​កំពូល​ច្រាន​ចោល​ម្ដង ​​រួច​មក​ហើយ កាល​ពី​ខែ​មេសា ឆ្នាំ​២០០៧។ ការ​បដិសេធ​របស់​តុលាការ​កំពូល​នៅ​គ្រា​នោះ ដោយ​រក​ឃើញ​ថា ការ​ជម្រះ​ក្ដី​របស់​សាលាឧទ្ធរណ៍​គឺ​ពុំ​មាន​ហេតុផល​ច្បាស់លាស់​ដើម្បី​ដាក់ ​បន្ទុក​ទៅ​លើ​លោក ប៊ន សំណាង និង​លោក សុក សំអឿន នោះ​ទេ។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៨ របស់​អ្នក​រាយការណ៍​ពិសេស​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និយាយ​ថា កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​​ធ្វើ​កំណែ​ទម្រង់​ដូច​ជា​សេរីភាព​ បញ្ចេញ​មតិ​នៅ​មាន​កម្រិត បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​និទ្ទណ្ឌភាព​​លើ​​​ប្រព័ន្ធ​យុត្តិធម៌ និង​វិវាទ​ដីធ្លី​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​​​ដែល​អាច​ទទួល​បាន​នៅ​ឡើយ។
លោក​បន្ត​ថា៖ «ភ្ជាប់​​គោលការណ៍​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​ក្នុង​ការ​ បំពេញ​​អាណត្តិ​របស់​ខ្ញុំ ហើយ​និង​បន្ត​ធ្វើ​ដូច​នេះ​ត​ទៅ​ទៀត។ គោលដៅ​របស់​ខ្ញុំ គឺ​សម្រាប់​ផ្ដល់​​ប្រឹក្សា​យោបល់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា​ ដែល​មាន​សុខ​សន្តិភាព​ ប្រជាធិបតេយ្យ ​ស្ថិរភាព និង​និរន្តរភាព ហើយ​អនុសាសន៍​របស់​ខ្ញុំ​ធ្វើ​ឡើង​​ដើម្បី​ផ្ដល់​ជូន​ជា​ដំណោះស្រាយ​ចំពោះ​ ការ​ប្រឈម​មួយ​ចំនួន​ ផ្នែក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កម្ពុជា»
អង្គការ​សង្គម​ស៊ីវិល​​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ មួយ​ចំនួន រួម​មាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ជាដើម រក​ឃើញ​ថា អំពើ​និទ្ទណ្ឌភាព ឬ ភាព​គ្មាន​ទោសពៃរ៍​សម្រាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ជា​មន្ត្រី​មាន​ អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល កំពុង​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។
អង្គការ​ទាំង​នេះ​បញ្ជាក់​ថា អ្នក​បាញ់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​ដ៏​ល្បី​ឈ្មោះ​នៅ​ខេត្ត​កោះកុង អ្នកស្រី ពិសិដ្ឋ ពិលីកា តារាភាពយន្ត ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្រុង​ភ្នំពេញ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក រស់ សុវណ្ណរ៉េត ប្រធាន​សហជីព​ត្រូវ​គេ​បាញ់​សម្លាប់​កាល​ពី​​ឆ្នាំ​២០០៤។ លោក ស៊ី វុទ្ធី ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​សានតិច ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៧ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤ នៅ​ក្បែរ​តូប​លក់​កាសែត​មុខ​វត្ត​លង្កា។ ចំណែក​ជន​ដៃដល់​ក្នុង​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​អាច​យក​មក​ផ្ដន្ទាទោស​​តាម ​ផ្លូវ​ច្បាប់​បាន​នៅ​ឡើយ​នោះ​ទេ បើ​ទោះ​ជា​ពេល​វេលា​នៃ​ការ​ស៊ើប​អង្កេត​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​ យ៉ាង​ក្ដី។
លោក ជា មុនី ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គិត​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​អាច​ស្វែង​រក​យុត្តិធម៌​ពិត​​សម្រាប់​ជនរងគ្រោះ​បាន​ទេ។ លោក ជា មុនី បញ្ជាក់​ថា លោក​បញ្ឈប់​ការ​ប្ដឹងផ្ដល់​​​ណា​មួយ​ទៀត​ហើយ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ ឲ្យ​បង​ប្រុស​របស់​លោក​​នោះ និង​ស្នើ​សុំ​​ឲ្យ​តុលាការ​​លើកលែង​​បទ​ចោទ និង​ដោះលែង​លោក ប៊ន សំណាង និង​លោក សុក សំអឿន ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
លោក ជា មុនី បញ្ជាក់​ដូច្នេះ៖ «សម្រាប់​ខ្ញុំ​ជា​ដើម​បណ្ដឹង ខ្ញុំ​ថា ខ្ញុំ​ដក មិន​បាច់​បន្ត​​រក​ឃាតក​ទៀត​ទេ គឺ​បញ្ចប់​ទៅ ហើយ​ដោះ​លែង សុក សំអឿន និង ប៊ន សំណាង ហ្នឹង ឲ្យ​គាត់​មាន​សេរីភាព ឲ្យ​គាត់​​ទៅ​រក​ទទួល​ទាន​អាហារ​​​ជាមួយ​ក្រុម​គ្រួសារ​គាត់​ទៅ កុំ​ឲ្យ​គាត់​វេទនា​ពេក ហើយ​ខ្ញុំ​ក៏​អត់​ចង់​​​ឃើញ​យុត្តិធម៌​សម្រាប់​ខ្ញុំ​​ទៅ​លើ​គំនរ​ជន​ ស្លូតត្រង់​អ៊ីចឹង​ដែរ»

No comments: