A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 February 2013

Rong Chhun's biography, achievements and his social works ជីវប្រវត្តិ ស្នាដៃ និង​សកម្មភាព​បម្រើ​សង្គម​របស់​លោក រ៉ុង ឈុន

ការ​តស៊ូ​តវ៉ា​ដើម្បី​ផល​ប្រយោជន៍​គ្រូ​បង្រៀន និង​កម្មករ គឺ​ជា​ទិស​ដៅ​សកម្មភាព​ដែល​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រកាន់​យក ក្នុង​ការ​បម្រើ​សង្គម និង​ប្រទេស​ជាតិ។
ដោយ កែវ និមល 2013-02-28 RFA Service
រ៉ុង ឈុន បំភ្លឺ​នៅ​តុលការ​ខេត្ត​កណ្ដាល ៣០៥
លោក រ៉ុង ឈុន ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាល បន្ទាប់​ពី​ចូល​បំភ្លឺ​រួច កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Vann Vicha
លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ការ​តវ៉ា​ដើម្បី​ផល​ប្រយោជន៍​គ្រូ​បង្រៀន និង​កម្មករ​នេះ ធ្វើ​ឲ្យ​លោក​រៀន​បាន​មេ​រៀន​ជាច្រើន​ពី​ជីវិត ហើយ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​តម្លៃ​នៃ​ការ​តស៊ូ​ធ្វើ​ការងារ។
រ៉ុង ឈុន គឺ​ជា​ឈ្មោះ​គ្រូ​បង្រៀន​មួយ​រូប ដែល​អ្នក​សារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ អ្នក​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល គ្រូ​បង្រៀន មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស អ្នក​ច្បាប់ កម្មករ​រោងចក្រ​កាត់​ដេរ​ជាច្រើន​នាក់​បាន​ស្គាល់ និង​ដឹង​ពី​សកម្មភាព​តាម​ការ​ផ្សាយ​ព័ត៌មាន​នានា។
គិត​មក​ត្រឹម​ឆ្នាំ​២០១៣ នេះ លោក រ៉ុង ឈុន មាន​អាយុ​ជាង ៤០​ឆ្នាំ។ លោក​មាន​សក់​រួញ​អង្គាដី និង​មាន​សម្ដី​និយាយ​មួយៗ ច្បាស់ៗ។ លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចុងកោះតូច ឃុំ​តាលន់ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ លោក​បាន​រៀន​ចប់​មហាវិទ្យាល័យ និង​ជា​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​គ្រូ​បង្ហាត់​មុខ​វិជ្ជា​គណិតវិទ្យា។
ក្នុង​ពេល​ជួប​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក រ៉ុង ឈុន បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោក​ចាប់​ផ្ដើម​សកម្មភាព​បម្រើ​សង្គម ចូល​រួម​តវ៉ា​ជា​សាធារណៈ​ជាមួយ​គ្រូ​បង្រៀន និង​កម្មករ​រោងចក្រ​កាត់​ដេរ នៅ​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​លោក​មើល​ឃើញ​ថា កម្មករ​រោងចក្រ​កាត់​ដេរ​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ទាប​ពេក មិន​គ្រប់​សម្រាប់​ចំណាយ​ក្នុង​ជីវភាព​រស់នៅ​ឲ្យ​បាន​សមរម្យ​ឡើយ នៅ​ក្នុង​ពេល​ដែល​ថៅកែ​រោងចក្រ​បាន​ទទួល​ប្រាក់​ចំណេញ​ជាច្រើន​ពី​ការ​ខិតខំ ​ធ្វើ​ការ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ទាំង​អស់​នោះ។

លោក រ៉ុង ឈុន៖ «ក្នុង​ការ​តស៊ូ​មតិ តាម​ពិត​ទៅ ខ្ញុំ​ជា​មន្ត្រី​រាជការ គ្រូ​បង្រៀន​ទេ ប៉ុន្តែ​យើង​បាន​ឃើញ​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ចុង​ឆ្នាំ​១៩៩៦ យើង​ឃើញ​ស្ថានភាព​កម្មករ​មាន​ភាព​កម្មករ​ពេល​នោះ​មាន​បៀវត្សរ៍​ប្រមាណ ២៥​ដុល្លារ ក្នុង​មួយ​ខែ ហើយ​លក្ខខណ្ឌ​ការងារ​ក៏​អាក្រក់ សេរីភាព​ក៏​គ្មាន នៅ​ពេល​នោះ​ហើយ​ដែល​យើង​ចូល​ប្រឡូក​ជាមួយ​ចលនា​សហជីព ដើម្បី​លើក​ស្ទួយ​លក្ខខណ្ឌ​ការងារ​កម្មករ លើក​ស្ទួយ​សិទ្ធិ​សេរីភាព​កម្មករ លើក​ស្ទួយ​ប្រាក់​ឈ្នួល​របស់​កម្មករ»
លោក រ៉ុង ឈុន បាន​និយាយ​ឲ្យ​ដឹង​ថា លោក​ចាប់​ផ្ដើម​សកម្មភាព​ជួយ​កម្មករ ដោយ​ចូល​រួម​ជាមួយ​លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា។ កាល​ពី​លោក ជា វិជ្ជា នៅ​រស់ លោក​ច្រើន​បាន​ជួប​លោក ជា វិជ្ជា នៅ​ចុង​សប្ដាហ៍ ហើយ​ឧស្សាហ៍​ជជែក​គ្នា​អំពី​ការ​លំបាក​ផ្សេងៗ​របស់​កម្មករ និង​បាន​ចូល​រួម​ជាមួយ​លោក ជា វិជ្ជា ក្នុង​សកម្មភាព​តវ៉ា​ផ្សេងៗ ដើម្បី​ឡើង​ប្រាក់​ខែ​កម្មករ ទាម​ទារ​ឲ្យ​មាន​ការ​កែលំអ​លក្ខខណ្ឌ​ការងារ ទាមទារ​ឲ្យ​មាន​លុយ​បន្ថែម​ម៉ោង និង​ប្រាក់​ថ្លៃ​បាយ​ជាដើម។
លោក រ៉ុង ឈុន៖ «អ្វី​ដែល​យើង​ធ្វើ​ការ​ប្រឡូក​ជាមួយ​ក្នុង​ជួរ​កម្មករ និង​ជួរ​គ្រូ​បង្រៀន គឺ​យើង​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន។ កាល​ពី​ចាប់​ផ្ដើម​ដំបូង យើង​ពិបាក​ជួប​គាត់​ណាស់។ ក្នុង​ការ​ប្រមូល​ផ្តុំ​កម្មករ​ក្តី គ្រូ​បង្រៀន​ក្តី គឺ​មាន​ការ​លំបាក​ណាស់។ តែ​ក្រោយ​ពី​យើង​បាន​បញ្ជ្រាប​ម្តង​ហើយ​ម្តង​ទៀត គឺ​គាត់​ហ៊ាន​ប្រើ​សិទ្ធិ​របស់​គាត់។ គាត់​ហ៊ាន​និយាយ គាត់​ហ៊ាន​ប្រើ​សិទ្ធិ​ធ្វើ​បាតុកម្ម កូដកម្ម​របស់​គាត់ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​របស់​ពួក​គាត់»
ផ្ដើម​ចេញ​ពី​ការ​ជួយ​កម្មករ​កាត់​ដេរ លោក រ៉ុង ឈុន បាន​កត់​សម្គាល់​ឃើញ​ថា គ្រូ​បង្រៀន​ក៏​មាន​ស្ថានភាព​លំបាក​ក្នុង​ជីវភាព​ដូច​កម្មករ​ដែរ គឺ​ប្រាក់​ខែ​ក៏​តិច មិន​ហ៊ាន​និយាយ​ស្តី​អំពី​ការ​លំបាក​របស់​ខ្លួន និង​លក្ខខណ្ឌ​ការងារ​មាន​ការ​លំបាក​ដែរ។ លោក​បាន​ចាប់​ផ្ដើម​បង្កើត​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ខែ​មីនា ឆ្នាំ​២០០០៖ «ក្នុង​ពេល​ប្រមូល​ផ្តុំ​ដំបូង យើង​ធ្វើ​សិក្ខា​សាលា​ចំនួន ២​ថ្ងៃ។ នៅ​ឆ្នាំ​២០០០ មាន​អ្នក​ចូល​រួម​ប្រមាណ ៣៥​នាក់។ អ្នក​ចូល​រួម​ជា​គ្រូ​បង្រៀន​មក​ពី​ខេត្ត​កណ្ដាល ភ្នំពេញ បន្ទាយមានជ័យ និង​ព្រះវិហារ អី​ជាដើម»
ចាប់​ផ្ដើម​ដំបូង សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​សមាជិក​ចំនួន​តែ ៣៥​នាក់​ប៉ុណ្ណោះ។ បច្ចុប្បន្ន សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​សមាជិក​ចំនួន​ជាង ១​ម៉ឺន​នាក់ នៅ ២១​ខេត្ត-ក្រុង​ទូទាំង​ប្រទេស។
នៅ​ក្នុង​សកម្មភាព​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​ឡើង​ប្រាក់​ខែ ទាមទារ​ឲ្យ​មាន​ការ​កែលំអ​លក្ខខណ្ឌ​ការងារ និង​ការ​ទាមទារ​ផ្សេងៗ​ទៀត លោក រ៉ុង ឈុន តែង​រង​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ មាន​ប៉ូលិស ប៉េអិម និង​សន្តិសុខ​យាម​ការពារ​រោងចក្រ​ជាដើម។
លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​អាជ្ញាធរ​វាយ​ដោយ​សារ​ការ​ចូល​រួម​តវ៉ា​ជាមួយ​កម្មករ និង​គ្រូ​បង្រៀន ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ៩៦​ថ្ងៃ ទាក់ទង​ការ​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​រឿង​ព្រំដែន លោក​ត្រូវ​ចៅក្រម​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍។ ប៉ុន្តែ​ដោយ​សារ​មាន​ការ​ជួយ​ពី​ប្រជាពលរដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ លោក​បាន​ត្រូវ​គេ​ដោះ​លែង​វិញ។
លោក រ៉ុង ឈុន៖ «យើង​មាន​ការ​ប្រឈម​ខ្លាំង​ណាស់ នៅ​ពេល​យើង​ដឹកនាំ​កម្មករ​ធ្វើ​ការ​ប្រមូល​ផ្តុំ ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប ត្រូវ​បាន​គេ​ឃាត់​ខ្លួន​នៅ​ក្នុង​រោងចក្រ។ ហើយ​សកម្មជន​កម្មករ​ត្រូវ​គេ​ប្រើ​អំពើ​ហិង្សា​លើ គេ​វាយ គឺ​មាន​ការ​ប្រឈម​ខ្លាំង»
លោក រ៉ុង ឈុន ធ្លាប់​បាន​ចេញ​ទៅ​ប្រទេស​ក្រៅ​ជាច្រើន​ប្រទេស ដើម្បី​ធ្វើ​បាឋកថា ឬ​ការ​រៀបរាប់​អំពី​ស្ថានភាព​លំបាក​ផ្សេងៗ​របស់​គ្រូ​បង្រៀន និង​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា នៅ​ក្នុង​ការ​បំពេញ​ការងារ និង​ការ​លំបាក​លើ​ជីវភាព​រស់នៅ។ ប្រទេស​ដែល​លោក​ធ្លាប់​ទៅ​ទស្សនកិច្ច និង​ធ្វើ​បាឋកថា មាន​ជា​អាទិ៍ ប្រទេស​អង់គ្លេស សហរដ្ឋ​អាមេរិក អូស្ត្រាលី បារាំង បែលហ្សិក និង​ជប៉ុន ជាដើម។
ពិត​មែន​តែ​លោក​បាន​ធ្វើ​សកម្មភាព​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ ទាមទារ​កែប្រែ​លក្ខខណ្ឌ​ការងារ​ឲ្យ​កម្មករ និង​គ្រូ​បង្រៀន​ជាច្រើន​លើក និង​ជាច្រើន​ឆ្នាំ​មក​ហើយ​ក្តី តែ​លោក រ៉ុង ឈុន មិន​ទាន់​បាន​ទទួល​ពាន​រង្វាន់ ឬ​មេដាយ​សរសើរ​ពី​អង្គការ​ជាតិ អន្តរជាតិ ណា​មួយ​នៅ​ឡើយ​ទេ។
លោក អំ សំអាត មន្ត្រី​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ឈ្មោះ លីកាដូ (Licadho) បាន​លើក​ឡើង​ថា លោក រ៉ុង ឈុន ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប ដែល​ធ្វើ​ការងារ​បម្រើ​កម្មករ​រោងចក្រ​កាត់​ដេរ និង​គ្រូ​បង្រៀន ដោយ​មិន​ខ្លាច​លំបាក៖ «យើង​ចាត់​ទុក​គាត់​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​កម្មករ និង​គ្រូ​បង្រៀន»
ទោះ​បី​ជា​ការ​ធ្វើ​សកម្មភាព​បម្រើ​សង្គម​ដោយ​ចូល​រួម​តវ៉ា​ឲ្យ​គ្រូ​ បង្រៀន និង​កម្មករ​រោងចក្រ​មាន​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ ក៏​លោក រ៉ុង ឈុន នៅ​តែ​ពេញ​ចិត្ត​ក្នុង​ការងារ​នេះ ដោយ​លោក​យល់​ថា ការ​តស៊ូ​របស់​លោក​បាន​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ជាច្រើន​នាក់ ហើយ​សកម្មភាព​នេះ​បាន​ចូល​រួម​កសាង​ប្រទេស​ឲ្យ​មាន​ការ​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស និង​មាន​លទ្ធិប្រជាធិបតេយ្យ។
លោក រ៉ុង ឈុន យល់​ថា សកម្មភាព​លោក​មិន​បាន​ប្រឆាំង​ជាមួយ​អាជ្ញាធរ និង​រដ្ឋាភិបាល​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ លោក​មាន​ការ​សប្បាយ​រីករាយ ដោយ​លោក​បាន​តស៊ូ​ជួយ​កម្មករ ជាមួយ​សកម្មជន​សហជីព​ផ្សេង​ទៀត ធ្វើ​ឲ្យ​ប្រាក់​ខែ​គោល​របស់​កម្មករ​ឡើង​ពី ២៥​ដុល្លារ ក្នុង​មួយ​ខែ មក​ដល់ ៦១​ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​ពេល​បច្ចុប្បន្ន។ ចំណែក​គ្រូ​បង្រៀន ក៏​បាន​ឡើង​ប្រាក់​ខែ​បាន​មួយ​ចំនួន​ដែរ។ ក្រៅ​ពី​មុខ​តំណែង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​មុខ​តំណែង​មួយ​ទៀត គឺ​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

hajjandumrah said...
This comment has been removed by a blog administrator.