A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 September 2015

តុលាការ​ខេត្ត​ស្វាយរៀង​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​៣​នាក់​ដាក់​ពន្ធនាគារ​ម្នាក់ៗ​៥​ឆ្នាំ

តុលាការ​ខេត្ត​ស្វាយរៀង​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​៣​នាក់​ដាក់​ពន្ធនាគារ​ម្នាក់ៗ​៥​ឆ្នាំ
ដោយ ថា កិត្យា
2015-09-28 rfa
តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥
Photo Provided

សាលាដំបូង​ខេត្ត​ ស្វាយរៀង ផ្ដន្ទាទោស​ប្រធាន​សហគមន៍​ដីធ្លី​នៅ​ឃុំ​អណ្ដូងត្របែក មួយ​រូប និង​សកម្មជន​ដីធ្លី​ពីរ​រូប​ទៀត ដាក់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ ពី​បទ​កាប់​រាន​ព្រៃឈើ​របស់​រដ្ឋ​តាម​មាត្រា ៩៧ នៃ​ច្បាប់​ព្រៃឈើ។ ទោះ​យ៉ាង​ណា សកម្មជន​ដីធ្លី​ចាត់​ទុក​សាលក្រម​របស់​តុលាការ​នោះ​ថា គ្មាន​យុត្តិធម៌ និង​ខុស​ពី​ការ​ពិត។

តុលាការ​ខេត្ត​ ស្វាយរៀង នៅ​មិន​ទាន់​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​សហគមន៍ ១​រួប និង​សកម្មជន​ដីធ្លី ២​រូប នៅ​ឃុំ​អណ្ដូងត្របែក ស្រុក​រមាសហែក នោះ​ទេ បន្ទាប់​ពី​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ដោយ​មិន​ព្យួរ​ទោស រឿង​កាប់​ដើម​អាកាស្យា​ដែល​រដ្ឋបាល​ឈើ​បាន​ដាំ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ។

​ ប្រធាន​សហគមន៍​ដីធ្លី​នៅ​ឃុំ​អណ្ដូងត្របែក លោក សួន សីហា ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ គ្មាន​អំណាច​ដូច​ពួកគាត់​ទេ។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ពួកគាត់​ថា កាប់​រាន​ព្រៃឈើ​របស់​រដ្ឋ​នោះ ជា​ការ​បំភ័ន្ត​ខុស​ការពិត ព្រោះ​ដី​នោះ​មិន​មែន​ជា​ដី​របស់​រដ្ឋ​ឡើយ គឺ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន ៨៦​គ្រួសារ​ដែល​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ មក។ លុះ​នៅ​ឆ្នាំ​២០០៨ រដ្ឋបាល​ព្រៃឈើ​បាន​ចូល​ទៅ​ដាំ​កូន​អាកាស្យា​នៅ​លើ​ដី​ទំហំ​ជាង ៧១​ហិកតារ​នោះ ដោយ​សំអាង​ថា​ជា​ដី​របស់​រដ្ឋ។ ក្រោយ​មក​ប្រជាពលរដ្ឋ​មាន​គម្រោង​ប្ដឹង​ទាមទារ​យក​ដី​នោះ​វិញ បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​លក់​ដី​ទៅ​អោយ​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច  ម្ល៉ោះ​ហើយ​ទើប​រដ្ឋបាល​ព្រៃឈើ​ប្តឹង​តំណាង ៣​នាក់​ដាក់​ពន្ធនាគារ ដើម្បី​គំរាម​កំហែង និង​បំបាក់​ស្មារតី៖ «»។

​ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​តុលាកា​ខេត្ត​ស្វាយរៀង បាន​ឡើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​កាត់​ទោស​ពលរដ្ឋ​ទាំង ៣​រូប អោយ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ម្នាក់ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​គ្រាន់តែ​ប្រជាពលរដ្ឋ​កាប់​អាកាស្យា​ដែល​ដាំ​លើ​ដី​ពួកគាត់​តិច​តូច​ ប៉ុណ្ណោះ។ លោក​យល់​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ហាក់​មិន​ស្មើភាព​នោះ​ឡើយ ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​ស្ទើរ​ខ្ទេចខ្ទី​ អស់​ទៅ​ហើយ បែរ​ជា​គ្មាន​ទោស​​ទៅ​វិញ៖ «»។

​មាត្រា ៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​ចែង​ថា ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ទាំង​អស់​ជា​សម្បត្តិ​រដ្ឋ។

ទោះ ​យ៉ាង​ណា ជន​ជាប់​ចោទ​ទាំង ៣​នាក់ ស្នើ​អោយ​មេធាវី​ការពារ​ក្តី​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​ខាង​មុខ​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ពួកគាត់៕

No comments: