A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 27 November 2015

បក្ស​ជាប់​ឆ្នោត​ទាំង​២​គ្រោង​ជួប​គ្នា​រក​ដំណោះស្រាយ​នយោបាយ​នៅ​ដើម​ខែ​ក្រោយ

បក្ស​ជាប់​ឆ្នោត​ទាំង​២​គ្រោង​ជួប​គ្នា​រក​ដំណោះស្រាយ​នយោបាយ​នៅ​ដើម​ខែ​ក្រោយ
ដោយ ទីន ហ្សាការីយ៉ា
rfa 2015-11-26
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ចរចា​នា​វិមាន​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Tin Zakariya

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា មិន​គោរព​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​ប្រេះ​ឆា​គ្នា​នោះ។

ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​ក្ដី ប៉ុន្តែ​តំណាង​គណបក្ស​ទាំង​ពីរ​ក៏​ស្វះស្វែង​ជួប​គ្នា​ដើម្បី​វិល​មក​រក​តុ​ចរចា ហើយ​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា ដូច​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​នោះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា តំណាង​ក្រុម​ភាគ​តិច និង​ភាគ​ច្រើន​នៅ​រដ្ឋសភា នឹង​ជួប​គ្នា​ដើម្បី​ជជែក​រក​ដំណោះស្រាយ​នយោបាយ​នៅ​ដើម​ខែ​ធ្នូ ខាង​មុខ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា តំណាង​គណបក្ស​ទាំង​ពីរ​កំពុង​ទាក់ទង​គ្នា​ដើម្បី​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​អំពី​ការ​ជួប​គ្នា ដោយ​ប្រើប្រាស់​យន្តការ​វប្បធម៌​សន្ទនា​រវាង​តំណាង​ក្រុម​ភាគ​ច្រើន និង​តំណាង​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា។ លោក​បញ្ជាក់​ថា ការ​គ្រោង​ជួប​គ្នា​នេះ​នឹង​ជជែក​ពី​ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ និង​ករណី លោក សម រង្ស៊ី ពិសេស​គឺ​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​នូវ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ កក្កដា ឆ្នាំ​២០១៤៖ «ចង់​រក្សា​ស្ថិរភាព​នយោបាយ ស្ថានភាព​នយោបាយ​ដើម្បី​រៀបចំ​ឲ្យ​បាន​ដូច​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤»។



​ក្រុម​ភាគច្រើន​ដឹកនាំ​ដោយ​លោក ស ខេង និង​ក្រុម​ភាគ​តិច​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​អនុម័ត​កាល​ពី​ចុង​ឆ្នាំ​២០១៤ ក្នុង​គោលបំណង​អនុវត្ត​បន្ត​នូវ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា និង​ដើម្បី​ឱ​ក្រុម​ភាគ​តិច​មាន​ឱកាស​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ប្រទេស​ជាតិ។ ក្រុម​ភាគតិច​និង​ក្រុម​ភាគ​ច្រើន​នេះ កន្លង​មក​បាន​ជួប​គ្នា​ជា​ញឹកញាប់ ពិសេស​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី។

ខណៈ​លោក សម រង្ស៊ី អវត្តមាន​នេះ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ស្ដីទី​ក្រុម​ភាគ​តិច នឹង​ជួប​លោក ស ខេង ប្រធាន​ក្រុម​ភាគ​ច្រើន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធាន​ក្រុម​ភាគ​ច្រើន​ដើម្បី​សួរ​អំពី​កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការ​ជួប​គ្នា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ជានិច្ច​នូវ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា។ លោក​បញ្ជាក់​ថា លោក​ក៏​សោកស្ដាយ​ដែរ​ដែល​ទំនាក់ទំនង​គណបក្ស​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​ប្រេះឆា​គ្នា។ បញ្ហា​នេះ លោក សុខ ឥសាន ចោទ​ប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក សម រង្ស៊ី ដែល​ធ្វើ​ឲ្យ​មាន​ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ​បែប​នេះ៖ «បញ្ហា​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​គឺ​ជា​សំណូមពរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ កុំ​ថា​ចង់​បាន​ហើយ​ធ្វើ​ម៉េច​រក្សា​ឲ្យ​បាន​ដូច​ខ្លឹមសារ កុំ​ថា បាន​មក​ហើយ​អនុវត្ត​អត់​បាន​ត្រឹមត្រូវ»។

គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​ចង់​ជួប​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្មី និង​ស្រប​តាម​ការ​កំណត់​រវាង​ក្រុម​ភាគ​ច្រើន និង​ក្រុម​ភាគ​តិច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ប្រេះឆា​គ្នា​នូវ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា ដោយ​ជំនួស​មក​វិញ​នូវ​ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​របស់​មេដឹកនាំ​ទាំង​ពីរ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី។

បញ្ហា​ដែល​ធ្វើ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ព្រឹត្តិការណ៍​វាយ​ដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា។ ករណី​ដក​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​រដ្ឋសភា និង​ការ​ដក​អភ័យ​ឯកសិទ្ធិ​លោក សម រង្ស៊ី និង​ការ​ចេញ​​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ជា​បន្តបន្ទាប់។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​បរិបទ​នយោបាយ​បែប​នេះ គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​បញ្ឈប់​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គណបក្ស​កាន់​អំណាច​ក៏​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​តុលាការ​ក្នុង​ការ​ដាក់​សម្ពាធ​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង​ដែរ ដើម្បី​អាច​ទៅ​ដល់​ការ​បង្រួបបង្រួម​គ្នា​បាន៖ «អ្នក​នយោបាយ​ខ្មែរ​ច្រើនតែ​យក​ច្បាប់​នៃ​ការ​ខ្វះ​ចន្លោះ​របស់​ច្បាប់​មក​សៀតស៊ក ដើម្បី​រុញច្រាន​ចលនា​នយោបាយ​របស់​គូភាគី​ឲ្យ​បាក់​ស្បាត​តែម្ដង កាល​ណា​យើង​ដាក់​សម្ពាធ​នយោបាយ​គូភាគី​ណា​មួយ​ខ្លាំង​ពេក មិន​អាច​រក​សន្តិភាព​ជួន​ជាតិ​បាន​ទេ»។

ទាក់ទង​នឹង​ការវិវឌ្ឍន៍​នយោបាយ​នេះ​ដែរ សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប សភា​អឺរ៉ុប​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង និង​ការ​រំលោភ​បំពាន​ផ្សេងៗ ទៅ​លើ​សកម្មជន និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ព្រម​ទាំង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ធ្វើ​ការ​ឱ្យ​បាន​សកម្ម​ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​សមាជិក​សភា និង​នាំ​ខ្លួន​ជន​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ទាក់ទង​នឹង​ករណី​លោក សម រង្ស៊ី សភា​អឺរ៉ុប​អំពាវនាវ​ដល់​រដ្ឋសភា​កម្ពុជា ឱ្យ​ផ្ដល់​អភ័យឯកសិទ្ធិ​ជូន​លោក សម រង្ស៊ី វិញ និង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​ឡាយ​ប្រឆាំង​លោក សម រង្ស៊ី ព្រម​ទាំង​អនុញ្ញាត​ឱ្យ​រូប​លោក និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផ្សេង​ទៀត ត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ៕

No comments: