A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 28 December 2015

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដើម​ឈើ​ធំៗ​ក្នុង​ព្រៃ​ព្រះ​រកា

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដើម​ឈើ​ធំៗ​ក្នុង​ព្រៃ​ព្រះ​រកា
ដោយ ហង្ស សាវយុត
2015-12-27 rfa
ដើម​ឈើ​ធំៗ​នៅ​តំបន់​ក្បាល​ប្រទាល នៃ​ព្រៃ​ព្រះ​រកា នា​ខេត្ត​ព្រះវិហារ ត្រូវ​ក្រុម​ឈ្មួញ​លួច​អារ​រំលំ និង​ច្រៀក​យក​ទៅ​លក់​ដូរ។ រូបថត​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥
 RFA/Hang Savyouth

ក្រុម​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍ ដែល​ហៅ​កាត់​ថា ស៊ី.អិន.អេ (CNA) នៅ​ខេត្ត​ព្រះវិហារ សម្ដែង​ការ​ខក​ចិត្ត នៅ​ពេល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ធ្វើ​ឲ្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​រុក​រក​រ៉ែ​ធម្មជាតិ​នៅ​ក្រោម​ដី​បែប​អនាធិបតេយ្យ កាន់​តែ​កើត​មាន ហើយ​អាជ្ញាធរ​ហាក់​បង្ក្រាប​យឺតយ៉ាវ​នោះ។

ក្រុម​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​ទាំង​នោះ​និយាយ​ថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ទទួល​រងគ្រោះ ដោយសារ​តែ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ហើយ ប៉ុន្តែ​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​ចូល​ព្រៃ​ដើម្បី​បោច​វល្លិ ឬ​ក៏​ដង​ជ័រ​ទឹក ដើម្បី​យក​មក​លក់​ដូរ ក៏​កំពុង​រងគ្រោះ​ជា​បន្តបន្ទាប់​ថែម​ទៀត ដោយសារ​តែ​ក្រុម​ឈ្មួញ​លួច​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ទី​ជនបទ​ជុំវិញ​តំបន់​ព្រៃ​ព្រះ​រកា រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ កំពុង​ព្រួយ​បារម្ភ​ដូច​គ្នា ចំពោះ​បញ្ហា​ដែល​ក្រុម​ឈ្មួញ​តែង​កាប់​ឈើ​ធំៗ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់។



ពួក​គេ​និយាយ​ថា ព្រៃ​ព្រះ​រកា​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ជាង ៩៦.០០០​ហិកតារ លាត​សន្ធឹង​លើ​ភូមិសាស្ត្រ ៣​ស្រុក គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប ហើយ​មាន​ដើម​ឈើ​ធំៗ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ និង​ដង​ជ័រ​ទឹក ជាដើម គឺ​កំពុង​រងគ្រោះ​ដោយ​ការ​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​សូវ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ។

មន្ត្រី​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍ នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ គឺ​លោក ពេជ្រ ពាន់។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ កំពុង​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ជិត​តំបន់​ដែល​ពួក​គាត់​រស់នៅ។ លោក ពេជ្រ ពាន់ បញ្ជាក់​ថា បើ​ទោះ​បី​ជា​រៀង​រាល់​ថ្ងៃ​មាន​បទល្មើស​ព្រៃ​ឈើ​កំពុង​កើត​ឡើង​ក៏ដោយ ក៏​លោក​មិន​សូវ​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​ចុះ​បង្ក្រាប​ទេ។ មន្ត្រី​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​ដដែល ព្រួយ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​ដូច្នេះ គឺ​ដើម​ឈើ​ធំៗ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា នឹង​វិនាស​ហិនហោច​នៅ​ពេល​ឆាប់ៗ៖ «ដូចជា​កន្លែង​នៅ​អូរ​អន្សែ គឺ​ជា​កន្លែង​ដែល​កាប់​ដើម​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ​អស់​រាប់​រយ​ដើម ហើយ​នៅ​តំបន់​មួយ​ចំនួន​ទៀត ដូចជា​អូរ​ស្កាច ក៏​រង​ការ​កាប់​បំផ្លាញ​ដែរ»។

បច្ចុប្បន្ន សហគមន៍​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា តែង​លើក​គ្នា​ដើរ​ល្បាត​ការពារ​ឈើ​ដោយ​ខ្លួន​ឯង ដោយ​មធ្យោបាយ​ជិះ​គោយន្ត​ចូល​ទៅ​ក្នុង​ព្រៃ។

«សំឡេង​គោយន្ត»

ការ​ដើរ​ល្បាត​របស់​អ្នក​ភូមិ​ទាំង​នេះ មិន​សូវ​មាន​ប្រសិទ្ធភាព​លើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ទេ ដោយសារ​តែ​អ្នក​ភូមិ​មិន​អាច​ដើរ​ល្បាត​បាន​ជា​ប្រចាំ ហើយ​គ្មាន​អំណាច​ណា​មួយ​ដើម្បី​ចាប់​ចង​អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់​ទាំង​នោះ​ផង។
កាប់​ឈើ​ខេត្ត​ព្រះវិហារ ៦២០
ដើម​ឈើ​ធំៗ​នៅ​តំបន់​ក្បាល​ប្រទាល នៃ​ព្រៃ​ព្រះ​រកា នា​ខេត្ត​ព្រះវិហារ ត្រូវ​ក្រុម​ឈ្មួញ​លួច​អារ​រំលំ និង​ច្រៀក​យក​ទៅ​លក់​ដូរ។ រូបថត​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Hang Savyouth


ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក អ៊ិត ភូមិរ៉ា និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ដើម្បី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា កាល​ពី​ដើម​ខែ​ធ្នូ កន្លង​ទៅ។ លោក ឡោ ចាន់ សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​លោក​បាន​ឃើញ​ទិដ្ឋភាព​ព្រៃ​ឈើ​ទីនោះ បាត់បង់​យ៉ាង​ឆាប់​រហ័ស ដោយ​គ្រាន់​តែ​លោក​ខាន​ទៅ​កាន់​ទីនោះ​រយៈពេល​ប្រហែល​មិន​ដល់​មួយ​ឆ្នាំ​ផង​នោះ។ លោក ឡោ ចាន់ អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​រដ្ឋាភិបាល ត្រូវ​ពង្រឹង​ច្បាប់​ដើម្បី​បង្ក្រាប​បទល្មើស​ទីនោះ​ឡើង​វិញ មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អ្នក​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ មាន​ឱកាស​យ៉ាង​សុខ​ស្រួល​ដូច្នេះ​ទេ៖ «មិន​គួរ​ណា​អស់​ព្រៃ​ឡើង​វាល​បែប​នេះ​ទេ ហើយ​ណា​មួយ យើង​ឃើញ​ថា គួរ​ឲ្យ​ស្រងេះស្រងោច។ កាល​ពី​មុន​ខ្ញុំ​ធ្លាប់​ចុះ​មក គឺ​ព្រៃ​ក្រាស់​ស្អេកស្កះ ជាពិសេស​ពណ៌​បៃតង​យ៉ាង​ខៀវ​ងងឹត»។

ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា លោក​កំពុង​ព្រួយ​បារម្ភ​ទៅ​លើ​ព្រៃ​ព្រះ​រកា ដែល​កំពុង​តែ​កើត​មាន​បទល្មើស​ធ្ងន់ធ្ងរ​នេះ។ លោក ប៉ិក សោភ័ណ បញ្ជាក់​ថា គេ​មិន​គួរ​បន្ទោស​តែ​លើ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ទាំង​នោះ​ទេ។ បញ្ហា​នេះ ក៏​ជា​កំហុស​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​រដ្ឋាភិបាល ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​ដែរ៖ «បទល្មើស​ជាច្រើន​កើត​ចេញ​ពី​ឈ្មួញ អ្នក​មាន​អំណាច​ខាង​ក្រៅ​ខេត្ត និង​ក្នុង​ខេត្ត។ ពួក​គេ​ទាំងអស់​នោះ​មាន​សិទ្ធិ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​ណា​មួយ ហើយ​ប្រព្រឹត្ត​បទល្មើស»។

បច្ចុប្បន្ន ក្រុម​អ្នក​ប្រព្រឹត្តិ​បទល្មើស​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​ក្នុង​ខេត្ត​ព្រះវិហារ មិន​បាន​ខ្លាច​ញញើត​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ចុះ​បង្ក្រាប​ទេ។ ពេល​ខ្លះ ពួក​គេ​បាន​ទាំង​គំរាម​សហគមន៍​ដែល​ទៅ​ដក​ហូត​យក​ឧបករណ៍​កាប់​ឈើ​ខុស​ច្បាប់​របស់​ពួក​គេ​ទៀត​ផង។

កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ទាំង​នោះ បាន​បាញ់​រះ​សម្លាប់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់ និង​ប៉ូលិស​ម្នាក់ ព្រម​ទាំង​បណ្ដាល​ឲ្យ​ប៉ូលិស​ម្នាក់​ផ្សេង​ទៀត​រង​របួស ក្នុង​ពេល​ដែល​មន្ត្រី​ទាំង​នោះ​បាន​ចុះ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​អង្គការ ដាប់បែលយូ.ស៊ី.អេស (WCS)។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដែរ ក្រុម​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍ បណ្ដាញ​ព្រៃ​ព្រះ​រកា បណ្ដាញ​ជនជាតិ​ដើម​ភាគ​តិច បណ្ដាញ​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​មុខ​របរ​ដង​ជ័រ​ទឹក និង​ទឹក​ឃ្មុំ​ព្រៃ​នៅ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា និង​សហគមន៍​ជាច្រើន​ទៀត​នោះ។ សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​ជាច្រើន​នោះ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ត្រូវ​ដោះស្រាយ​ឲ្យ​ឆាប់​រហ័ស​ទៅ​លើ​បញ្ហា​ជម្លោះ​ដីធ្លី​ជាច្រើន ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ព្រម​ទាំង​សកម្មភាព​រុក​រក​រ៉ែ​ធម្មជាតិ​នៅ​ក្រោម​ដី​ជាច្រើន​ប្រភេទ ដែល​កើត​មាន​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ៕

No comments: