A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 31 January 2016

សង្គម​ស៊ីវិល​ស្នើ​​សុំ​ជួប​សួរ​សុខទុក្ខ​សកម្មជន​បរិស្ថាន​ជាប់​ឃុំ​៤​នាក់​នៅ​កោះកុង

សង្គម​ស៊ីវិល​ស្នើ​​សុំ​ជួប​សួរ​សុខទុក្ខ​សកម្មជន​បរិស្ថាន​ជាប់​ឃុំ​៤​នាក់​នៅ​កោះកុង
ដោយ អ៊ុំ រង្សី
2016-01-30 rfa

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ លើក​បដា​តវ៉ា​នៅ​ពី​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង ស្នើ​ឲ្យ​ដោះ​លែង​យុវជន​ការពារ​បរិស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
Photo LICADHO

តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន កោះកុង ៦២០
ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ លើក​បដា​តវ៉ា​នៅ​ពី​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង ស្នើ​ឲ្យ​ដោះ​លែង​យុវជន​ការពារ​បរិស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
Photo LICADHO

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ស្នើ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​សួរ​សុខទុក្ខ​ជន​ជាប់​ចោទ​ដែល​ជា​សកម្មជន​ការពារ​បរិស្ថានចំនួន ៤​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង។ ចំណែក​ឯ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​វិញ មិន​ទាន់​សម្រេច​ចំពោះ​ការ​ស្នើ​សុំ​នេះ​នៅ​ឡើយ​ទេ។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ចាត់​ទុក​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​រូប និង​តំណាង​សហគមន៍​អារ៉ែង​ម្នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង។ ពួកគេ​ទាំង ៤​នាក់ គឺ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​ដ៏​សកម្ម ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ជាតិ។

អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា  លោក សួន ប៊ុនសក្តិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ថា លោក និង​សង្គម​ស៊ីវិល​ចំនួន ២២​ទៀត បាន​ដាក់​លិខិត​សុំ​ការ​អនុញ្ញាត​ចូល​ជួប​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង ៤​នាក់ ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២៨ មករា កន្លង​ទៅ​នេះ។ លោក​ថា សកម្មភាព​ចុះ​សួរ​សុខទុក្ខ​ក្នុង​បំណង​លើក​ទឹក​ចិត្ត និង​ចង់​ដឹង​ពី​ស្ថានភាព​របស់​ពួកគាត់ ដែល​ជា​សកម្មជន​ធ្លាប់​ពុះពារ​លើ​កិច្ចការ​សង្គម​កន្លង​មក៖ «»។

អគ្គលេខាធិការ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​រូប​នេះ ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​សួរ​សុខ​ទុក្ខ​សកម្មជន ៤​នាក់​នេះ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​ឡើយ។ ប៉ុន្តែ​លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​យល់​ព្រម​តាម​សំណើ​នេះ ព្រោះ​សកម្មជន​ទាំង ៤​នាក់​កំពុង​ជួប​ការ​លំបាក និង​ត្រូវ​ការ​លើក​ទឹក​ចិត្ត និង​គាំទ្រ។

ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​នេះ អនុ​ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក សន កែវ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​នេះ​នៅ​ឡើយ​ទេ។ លោក​ថា ចំពោះ​ការ​សម្រេច​បែប​ណា នឹង​រង់ចាំ​មើល​ថ្ងៃ​ច័ន្ទ ទី​១ ខែ​កុម្ភៈ៖ «»។

សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ហើយ​សង្គម​ស៊ីវិល​គ្រោង​នឹង​ទៅ​សុខទុក្ខ​រួម​មាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា លោក ស៊ឹម សំណាង និង​សកម្មជន​ម្នាក់​ទៀត លោក វ៉ែន វ៉ន ជា​តំណាង​សហគមន៍​អារ៉ែង។

ចំណែក​ឯ​ស្ថានភាព​ជាប់​ពន្ធនាគារ​របស់​សកម្មជន​បរិស្ថាន​ទាំង ៤​នាក់​នេះ​វិញ សមាជិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក ចេក នេត្រា ឲ្យ​ដឹង​ថា ក្នុង​ចំណោម ៤​នាក់ មាន​ម្នាក់ គឺ លោក ស៊ឹម សំណាង កំពុង​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​រហូត​ឈាន​ដល់​ក្អក​ធ្លាក់​ឈាម​ផង​ដែរ។ លោក​ថា ខណៈ​នេះ​អ្នក​ទាំង ៤​នាក់ ពិត​ជា​ត្រូវ​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ។ លោក​សង្ឃឹម​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នឹង​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​សង្គម​ស៊ីវិល៖ «»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា តុលាការ​បាន​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ឹម សំណាង។ ពួកគេ​ត្រូវ​ចោទ​ពី​បទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួកគេ​ចុះ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ដាយរិក អាកសេស (Direct Access)។ ចំណែក​លោក វ៉ែន វ៉ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ឃុំ​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

​សមាជិក​ចលនា​មាតា​ធម្មជាតិ ក្រុម​គ្រួសារ​ជនជាប់ចោទ និង​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ​នានា​ជួយ​អន្តរាគមន៍ និង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​ករណី​នេះ ដើម្បី​ឲ្យ​សកម្មជន​ទាំង ៤​នាក់​នេះ បាន​រួច​ពី​ការ​ឃុំ​ខ្លួន​ឡើង​វិញ ព្រោះ​អ្នក​ទាំង​៤ គឺ​ជា​សកម្មជន​ដែល​គ្រាន់​តែ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ផលប្រយោជន៍​សង្គម​ប៉ុណ្ណោះ៕

No comments: