A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 June 2016

គ.ជ.ប នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែ​កញ្ញា


ដោយ ម៉ម មុនីរតន៍
2016-06-28

ចុះ​ឈ្មោះ​បោះឆ្នោត ២០១៥ ៨៥៥
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សាកល្បង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​សង្កាត់​ផ្សារដើមថ្កូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Rann Samnang
 RFA/Rann Samnang


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​កំណត់​ជា​ផ្លូវ​ការ​ហើយ ដោយ​យក​ខែ​កញ្ញា គឺ​ជា​ថ្ងៃ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត យល់​ឃើញ​ថា ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​ទំនើប គឺ​ម៉ាស៊ីន​កុំព្យូទ័រ​នេះ អាច​ជឿ​ទុក​ចិត្ត​បាន និង​ផ្ដល់​ភាព​ត្រឹមត្រូវ​ជាង​មុន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គ្រោង​នឹង​បញ្ចេញ​ម៉ាស៊ីន​កុំព្យូទ័រ​ជាង ២​ពាន់​គ្រឿង​នៅ​តាម​ការិយាល័យ​ទាំង​ជាង ១.៦៣៣​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​រយៈពេល ៣​ខែ​ខាង​មុខ​ទៀត​នេះ។



មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ថា គ.ជ.ប កំពុង​ពន្លឿន​កិច្ចការ​របស់​ខ្លួន​ទាំង​ដំណើរ​ការ​ចុះ​ឈ្មោះ និង​ជ្រើសរើស​អ្នក​បម្រើ​ការ​សម្រាប់​ការ​ចុះ​ឈ្មោះ។ លោក​បន្ត​ថា បើ​ពិនិត្យ​លើ​លទ្ធភាព គឺ គ.ជ.ប ត្រូវ​ការ​បុគ្គលិក​ជាង ៧​ពាន់​នាក់​នៅ​តាម​ការិយាល័យ​ទូទាំង​ប្រទេស។ លើស​ពី​នេះ​ទៀត ក្នុង​អាណត្តិ​នេះ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​ប្រើប្រាស់​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ទាំង​ស្រុង។ លោក​បន្ត​ថា «ទី​១ គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​អាច​យក​ទៅ​ជាមួយ​បាន។ ទី​២ បើ​សិន​ជា​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ហើយ ប៉ុន្តែ​ខុស​អាសយដ្ឋាន​កន្លែង​យើង​ចុះ​ឈ្មោះ ហើយ​និង​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ នោះ​ត្រូវ​ទៅ​ស្នើសុំ​លិខិត​បញ្ជាក់​ទីលំនៅ ឬ​កន្លែង​ស្នាក់នៅ​ពី​អាជ្ញាធរ​ដែល​យើង​កំពុង​តែ​រស់នៅ​ហ្នឹង»។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ទាំង​សហគមន៍​អឺរ៉ុប ដែល​សន្យា​ផ្ដល់​ម៉ាស៊ីន​កុំព្យូទ័រ និង​អង្គការ យូអ៊ិន​ណុប (UNNOP) ដែល​ជា​អ្នក​ដេញ​ថ្លៃ​លើ​សម្ភារៈ​ប្រើប្រាស់​ទាំង​នេះ បាន​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ហើយ យ៉ាង​យូរ​បំផុត​ក្នុង​ពាក់​កណ្ដាល​ខែ​កក្កដា នេះ នឹង​ត្រូវ​បញ្ជូន​មក​ដល់។

ជុំវិញ​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ លោក ហង្ស ពុទ្ធា ពន្យល់​ថា អ្នក​ដែល​ចុះ​ឈ្មោះ​បាន ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចជា៖

- ទី​១ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

- ទី​២ បើ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ទេ ត្រូវ​ទៅ​ស្នើសុំ​លិខិត​បញ្ជាក់​ទីលំនៅ​ដែល​កំពុង​ស្នាក់នៅ

- និង​ទី​៣ បើ​ពុំ​មាន​ទាំង​អត្តសញ្ញាណប័ណ្ណ និង​លិខិត​បញ្ជាក់​ទីលំនៅ​ទេ អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត អាច​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក៏​បាន។

ក្រៅ​ពី​នេះ ចំពោះ​ព្រះសង្ឃ​វិញ បើ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ទេ ព្រះសង្ឃ​អាច​ប្រើប្រាស់​សំបុត្រ​កំណើត ឬ​ស្នើសុំ​លិខិត​បញ្ជាក់​ពី​គ្រូ​ចៅ​អធិការ​វត្ត ទៅ​អាជ្ញាធរ​ឃុំ-សង្កាត់​ដែល​ព្រះសង្ឃ​កំពុង​គង់​នៅ​បាន។

អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ច្បាប់​បោះឆ្នោត​ថ្មី​នេះ​មាន​ភាព​ងាយ​ស្រួល​ចំណុច​ខ្លះ​ដល់​អ្នក​បោះឆ្នោត។ ច្បាប់​បោះឆ្នោត​ចាស់ គឺ​កំណត់​ឲ្យ​អ្នក​បោះឆ្នោត​ត្រូវ​ទៅ​បោះ​នៅ​ទីលំនៅ​កំណើត ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​វិញ មិន​តម្រូវ​ដូច​នេះ​ឡើយ។ ពលរដ្ឋ​ចំណាក​ស្រុក គឺ​អាច​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ហើយ​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ទីតាំង​ដែល​កំពុង​ស្នាក់នៅ​បាន។

ទាក់ទិន​ករណី​នេះ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (Nicfec) យល់​ឃើញ​ថា ផ្អែក​តាម​ប្រព័ន្ធ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ អាច​ធានា​ឲ្យ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​មាន​ភាព​ត្រឹមត្រូវ និង​សុក្រឹត​ជាង​មុន។ លោក​រំពឹង​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​តាម​ម៉ាស៊ីន​កុំព្យូទ័រ​នេះ គឺ​ពិបាក​លួច​កែ​ទិន្នន័យ និង​លែង​បន្លំ​ឯកសារ​បាន​ដូច​មុន​ទៀត។ លោក​បន្ត​ថា «ប្រព័ន្ធ​ចុះ​ឈ្មោះ​បែប​ទំនើប​តាម​ម៉ាស៊ីន​កុំព្យូទ័រ​នេះ វា​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ជាង ៩០​ភាគរយ ទី​១។ ទី​២ ប្រព័ន្ធ​នេះ​មាន​ការ​រៀបចំ​គ្រប់គ្រង​ទិន្នន័យ​ច្បាស់លាស់​ឥត​ដូច​ប្រព័ន្ធ​មុន​ទេ»។

បើ​ទោះ​ជា​បែប​ណា លោក សំ គន្ធាមី យល់​ឃើញ​ថា ថ្វី​បើ​ប្រព័ន្ធ​បោះឆ្នោត​ដែល​កម្ពុជា នឹង​ចាប់​អនុវត្ត​ក្នុង​ជំហាន​ដំបូង​នេះ អាច​ជឿ​ទុក​ចិត្ត​បាន​មែន។ យ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ​លោក​បញ្ជាក់​ថា មាន​បញ្ហា​ផ្សេង​ទៀត​ដែល​កម្ពុជា ត្រូវ​ប្រឈម​មុខ និង​អាច​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ដំណើរ​ការ​បោះឆ្នោត។

ជា​រួម អ្នក​ជំនាញ​លើ​កិច្ចការ​បោះឆ្នោត​ថ្លែង​ថា បញ្ហា​ចម្បង​ក្នុង​ចំណោម​ឧបសគ្គ​ដទៃ​ទៀត​នោះ គឺ​ពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ ១​លាន​នាក់ អាច​នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​នេះ។

ឆ្លើយ​តប​រឿង​នេះ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ គឺ​មាន​រយៈពេល ៣​ខែ​ខាង​មុខ​ទៀត ដែល​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​មាន​ពេល​ចុះ​ឈ្មោះ​បាន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​ប្រើប្រាស់​កុំព្យូទ័រ​ចំនួន ២.៤០០​គ្រឿង​ក្នុង​ចំណោម ១.៦៣៣​ឃុំ-សង្កាត់។ តាម​គម្រោង ក្នុង​មួយ​ការិយាល័យ ត្រូវ​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ ១​គ្រឿង ប៉ុន្តែ​បើ​ឃុំ-សង្កាត់​ណា​មាន​អ្នក​ចុះ​ឈ្មោះ​លើស​ពី ៧​ពាន់​នាក់​ឡើង​ទៅ គឺ គ.ជ.ប នឹង​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ២​គ្រឿង​សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បាន​ទាន់​ពេលវេលា៕

No comments: